ជនសង្ស័យចំនួន ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្អាងធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានម្នាក់ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ៣ឆ្នាំ ទើបតែចេញមកវិញមិនរាងចាល បែរជាមកធ្វើសកម្មភាពជួញដូរថ្នាំញៀនដដែល។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងជាពីរដំណាក់កាល ដោយចាប់ផ្តើមពីវេលាម៉ោង ១ និង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៥ កុម្ភៈ ២០២៦ នៅចំណុចផ្លូវបេតុង ក្នុងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ដែលបានដឹកនាំកម្លាំងចុះប្រតិបត្តិការផ្ទាល់ក្នុងករណីនេះ បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ដែលឃាត់ខ្លួនបានរួមមាន ១.ឈ្មោះ ម៉េត ទិត្យ (ប្រុស, ២៤ឆ្នាំ), ២.ឈ្មោះ ធី ម៉េងលី (ប្រុស, ២២ឆ្នាំ) និង ៣.ឈ្មោះ ផូ គឹមហ៊ ហៅ ពេជ (ប្រុស, ២៦ឆ្នាំ)។ ចំពោះឈ្មោះ ផូ គឹមហ៊ ហៅ ពេជ គឺជាអតីតទណ្ឌិតដែលធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ៣ឆ្នាំ (ពីឆ្នាំ២០២២ ដល់ ២០២៥) ពីបទលួច។ ក្នុងនោះ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ១កញ្ចប់ តូច និងទូរស័ព្ទ ២គ្រឿង (ម៉ាក VIVO ពណ៌ទឹកប្រាក់ និង OPPO ពណ៌ខ្មៅ)។
លោកមេបញ្ជាការបានរៀបរាប់អំពីសភាពរឿងហេតុថា នៅវេលារំលងអធ្រាត្រកើតហេតុ កម្លាំងជំនាញរបស់លោកចំនួន ៥នាក់ ដោយប្រើប្រាស់មធ្យោបាយម៉ូតូ ៤គ្រឿង បានចុះល្បាតចល័តដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យកំពុងដើរចេញពីផ្លូវបេតុង។ ភ្លាមនោះ កម្លាំងជំនាញបានឃាត់ខ្លួនឈ្មោះ ម៉េត ទិត្យ ដែលកំពុងឈរនៅលើផ្លូវលំជាមួយឈ្មោះ ធី ម៉េងលី រួចធ្វើការឆែកឆេរក៏រកឃើញថ្នាំញៀន ១កញ្ចប់ តូច នៅក្នុងហោប៉ៅរបស់ឈ្មោះ ធី ម៉េងលី តែម្តង។
លោកមេបញ្ជាការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ធី ម៉េងលី បានសារភាពថា ថ្នាំញៀននេះខ្លួនទិញពីឈ្មោះ ផូ គឹមហ៊ ហៅ ពេជ ក្នុងតម្លៃ ១ម៉ឺនរៀល។ ដោយទទួលបានចម្លើយសារភាព និងមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍មេបញ្ជាការ ព្រមទាំងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញបានបន្តនីតិវិធីរហូតដល់ម៉ោង ១០ និង៣០នាទី ព្រឹកថ្ងៃទី៥ កុម្ភៈ ក៏ឈានទៅឃាត់ខ្លួនឈ្មោះ ផូ គឹមហ៊ ហៅ ពេជ បានសម្រេចនៅចំណុចផ្លូវបេតុង ក្នុងភូមិថ្កុល។ ឈ្មោះនេះបានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនពីបុរសមិនស្គាល់ឈ្មោះនៅផ្លូវបេតុងជិតវត្តតាលន់ ក្នុងតម្លៃ ២ម៉ឺនរៀល ដើម្បីយកមកលក់បន្ត។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ដែលមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន ត្រូវបានឃាត់ខ្លួននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕




.jpg)


